ជំនឿរបស់អ្នកស្រុក ខេត្តតាកែវ មិនឲ្យដាំដើមចេកជ្វានៅក្បែរផ្ទះ

ផ្សាយថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៩


ជំនឿរបស់អ្នកខេត្តតាកែវ មិនឲ្យដាំដើមចេកជ្វានៅក្បែរផ្ទះ ដោយពួកគេជឿថាធាងចេកដែលលូតមកប៉ះនិងសំយ៉ាបផ្ទះនោះប្រៀបដូចជាស្ពានដែលអាចអោយខ្មោចព្រាយបិសាចលួចចូលមកបង្កមហន្តរាយដល់អ្នកដែលរស់នៅក្នុងផ្ទះ។

វត្តវិហារខ្ពស់ជាវត្តមួយដែលស្ថិតនៅក្នុងឃុំលីបូរ ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាអារាមមួយដែលជាប់មានពាក់ព័ន្ឋនិងប្រវត្តិជំនឿនៃការហាមប្រាមនេះ  វត្តវិហារខ្ពស់ជាអារាមដែលជាប់ទាក់ទិននិងជំនឿហាមប្រាមការមិនអោយដាំចេកជ្វានៅក្បែរផ្ទះ ដល់ពេលសម័យប្រល័យពូជសាសន៍តាម៉ុកបានយកវត្តនេះធ្វើជាកន្លែងដាក់អ្នកទោសដែលបានចោទប្រកាន់ថាក្បត់ជាតិ។

រឿងរ៉ាវជំនឿមិនអោយដាំដើមចេកជ្វានៅក្បែរសំយ៉ាបផ្ទះត្រូវបានដាក់បញ្ចូលនៅក្នុងប្រជុំសៀវភៅរឿងព្រេងខ្មែរ ក៏ប៉ុន្ដែអ្នកស្រុកលីបូរតិចតួចណាស់ដែលបានដឹងរឿងព្រេងនេះ តែពួកគេគ្រាន់តែបានប្រកាន់យកជំនឿតៗគ្នាជារៀងរហូតមក។

មានរឿងនិទានមួយតំណាលថា  មិនឆ្ងាយពីភូមិលីបូរមានព្រៃមួយយ៉ាងក្រាស់ ហើយមានបិសាចកំណាចមួយឈ្មោះថាអាគ្រួក អោយតែពេលយប់ព្រលប់មិនមានមនុស្សណាហ៊ានដើរកាត់ទីនោះឡើយអ្នកស្រុកនាំគ្នាខ្លាចរអារគ្រប់ៗគ្នា នៅសម័យកាលនោះក៏មានលោកតាម្នាក់ឈ្មោះតាគង់ គាត់គឺជាគ្រូគុណម្នាក់ដ៏ពូកែមិនមានអ្នកណាអាចវាយឈ្នះគាត់នោះឡើយ ថ្ងៃមួយប្រជាជនមានប្រារពធ្វើពិធីបុណ្យនៅក្នុងវត្ត ពេលនោះជាពេលព្រលប់ហើយតាគង់វិលត្រឡប់មកពីចូលរួមពិធីបុណ្យវិញក៏ដើរកាត់ព្រៃស្មរសានស្ងាតជ្រងំដែលល្បីថាមានខ្មោចអសូរិកាយ ឬ ហៅថាអាគ្រួក ស្រាប់តែអាគ្រួកក៏បានចិត្តចាប់ផ្ដើមលងបណ្លាចគាត់ តែគាត់មិនខ្លាចហើយគាត់ក៏បានដាក់គូទអង្គុយចុះមើលវាលង ថែមទាំងនិយាយទៅកាន់វាថា តើឯងមានមហិទិរិទ្ឋប៉ុណ្ណាបញ្ចេញអោយអស់មក ស្រាប់តែពេលនោះអាគ្រួកបានដៃបញ្ចេញមុខមាត់ដ៏គួរអោយខ្លាចជាច្រើនរូបភាព តែតាគង់ក៏នៅតែមិនខ្លាចញញើតវាបន្តិចសោះ បន្ទាប់មកទៀតអាគ្រួកវាក៏កាន់តែខឹងហើយក៏បបួលតាគង់ប្រគួតក្បាច់គុណម្ដង ដោយដាក់ខសន្យាថាបើអ្នកណាចាញ់ត្រូវនៅបំរើអ្នកឈ្នះរហូត អ្នកទាំងពីរក៏បានធ្វើការប្រយុត្តិរហូតដល់ពេលភ្លឺស្រាងៗ ជូនជាពេលនោះក៏មានអ្នកភូមិជាមួយគ្នាដែលបានត្រលប់មកពីធ្វើបុណ្យនៅវត្តក៏បានឃើញតាគង់កំពង់តែគ្រវីដំបង ហក់លោត បញ្ចេញក្បាច់គុណតែម្នាក់ឯង ហើយអ្នកភូមិបាននិយាយគ្នាថា តាគង់ប្រហែលជាកំពង់តែប្រយុត្តិជាមួយអាគ្រួកហើយ។ អ្នកទាំងពីរក៏នៅតែបន្ដប្រយុត្តិរហូតកញ្ជ្រាំង ព្រៃ និង ស្មៅបាក់ខ្ទេចខ្ទីរាបដល់ដីអស់រយះពេលបីយប់បីថ្ងៃរហូតដល់អាគ្រួកចុះចាញ់ហើយវាក៏បាននៅបំរើតាគង់។

ដោយកំហឹងនិងមានការគំគួនអាគ្រួកមិនបំភ្លេចរាល់ទាំងគំនុំដែលវាបានប្រយុត្តិចាញ់តាគង់ឡើយ ពីមួយថ្ងៃទៅមួយថ្ងៃវាតែងព្យាយាមរកវិធីសងសឹកនិងតាគង់វិញ តែតាគង់ក៏មានការប្រុងប្រយ័ត្តខ្លួនដែរ គឺគាត់បានព័ទ្ឋសីម៉ាជុំវិញផ្ទះរបស់គាត់ មិនអោយខ្មោចបិសាចចូលមកក្នុងផ្ទះគាត់ឡើយ អស់រយះពេលជាយូរក្រោយមក ថ្ងៃមួយពេលតាគង់ភ្លេចខ្លួន អាគ្រួកវាក៏បានលបចូលតាមធាងចេកជ្វា ដែលលយចូលផ្ទះតាមបង្អូចហើយវាបានកាច់កតាគង់កំពង់តែដេកយ៉ាងលង់លកមិនដឹងខ្លួនស្លាប់បាត់ទៅ ទើបអ្នកស្រុកនៃខេត្តតាកែវមានការហាមប្រាមមិនអោយកូនចៅដាំដើមចេកជ្វានៅក្បែរផ្ទះរហូតដល់សព្វថ្ងៃនេះ។

Post a Comment

0 Comments