គួរយល់ដឹង!! ការវិភាកអំពីជំនឿទាក់ទងរឿងប្រេត

 
តើហេតុអ្វីបានជាគេនាំគ្នាទៅបោះបាយបិណ្ឌនៅរដូវភ្ជំបិណ្ឌ?
          អ្នកចូលចិត្ត​បោះ​បាយបិណ្ឌ ជារៀងរាល់​ម៉ោង​៤​ទៀប​ភ្លឺ ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ពួកគេ​ពិតជា​ជឿថា​មាន​ប្រេត​ ដោយហេតុ​ផល​ថា បើ​មិន​ជឿថា​មាន​ប្រេត ម្តេច​នឹង​អាច​ទៅ​បោះ​បាយបិណ្ឌ​ឲ្យ​ប្រេត​កើត​ឬក៏​គ្រាន់តែ​ទៅតាម​គ្នា​ឲ្យ​តែ​សប្បាយ​បើ​មាន​អ្នកមួយ​ចំនួន​ទៅ​ដើម្បី​តែ​សប្បាយ​មែន​នោះ ការ​ជឿថា មាន​ឬ​គ្មាន​ប្រេត មិនចាំបាច់​បកស្រាយ​ទេ​។ តែបើ​ទៅដោយ​សង្ឃឹម​យ៉ាង​មាំ​ថា ដើម្បី​ឧទ្ទិស​បាយបិណ្ឌ​ដល់​ប្រេត នោះ​ប្រាកដ​ណាស់ ថា​ពួកគេ​ពិត​ជឿថា មាន​ប្រេត​ តើ​ក្នុង​ធម្មជាតិ ពិត​ជាមាន​ប្រេត​មែនឬ​ឬក៏​គ្រាន់តែ​ជា​រឿង​អ​បិ​យ​ជំនឿ​?
         
          នៅលើលោកយើងនេះរឿងជាច្រើនដែលមិនអាចបកស្រាយបាន វាប្រៀបដូចជារឿងអាថ័កំបាំងមួយអញ្ចឹងដែរ ការសិក្សា ការស្រាវជ្រាវ ទាក់ទងទៅនឹងជំនឿ បច្ចេកទេស ការសិក្សាពីតារាសាស្ដ្រ ភូមិសាស្ដ្រ ការបង្កើតឡើងថ្មីៗ ការច្នៃប្រឌិត និង របបគំហើញជាច្រើនទៀត ដែលមនុស្សកំពង់តែធ្វើ តែទោះជាយ៉ាងណាក្ដី ក៏នៅតែមានអាថ័កំបាំងមួយចំនួនមិនអាចបកស្រាយបានដដែល។

តើនៅលើលោកយើងនេះពិតជាមានប្រេតមែនឬទេ?
        តើពុទ្ឋសាសនាមានតែស្រុកខ្មែរឬមានប្រទេសផ្សេងទៀតដែលកាន់ព្រះពុទ្ឋសាសនាដែរ? ចុះបើមានប្រេតមែន ហេតុអីមានតែស្រុកខ្មែរ? បើតាមដឹងលឺខ្លះៗ របស់ខ្ញុំមានប្រទេសមួយចំនួនដូចជា ភូមា ឥណ្ឌា សេរីឡាំងកា នេប៉ាល់ ថៃ និង បណ្ដាប្រទេសមួយចំនួនទៀតដែលខ្ញុំចាំមិនអស់ គឺជាប្រទេសដែលកាន់ព្រះពុទ្ឋសាសនា និង គោរពជឿតាមឱវាទរបស់ទ្រង់។
          អ្វីដែល​ភ្នែក​យើង​មិនអាច​មើលឃើញ វា​ពិតជា​ពិបាក​ណាស់​ក្នុងការ​អះអាង និង​លើក​ភស្តុតាង​មក​បញ្ជាក់ថា​វត្ថុ​នោះ​ឬ​សត្វ​នោះ ពិតជា​មាន​ឬ​គ្មាន ក្នុង​ធម្មជាតិ​នេះ​។ យើង​រាល់គ្នា គួរ​កុំ​គប្បី​ប្រកាន់​ទិដ្ឋិ​របស់ខ្លួន យ៉ាង​ដាច់អហង្ការ ថា​មាន​ឬ​មិនមាន នោះឡើយ​។  ដោយហេតុថា ក្នុង​ធម្មជាតិ​យើង​នេះ មាន​វត្ថុ​មាន​រូប និង​វត្ថុ​គ្មាន​រូប មាន​សត្វ​មាន​រូប និង​សត្វ​គ្មាន​រូប ដ៏​ច្រើន​ជា​អនេក ដែល​មិនអាច​រាប់​អស់​ឡើយ​។

          ដូច្នេះ អ្វីដែល​ភ្នែក​យើង​មើលមិនឃើញ មិន​ប្រាកដថា វត្ថុ​នោះ​ឬ​សត្វ​នោះ មិនមាន​ក្នុង​ធម្មជាតិ​នោះទេ តួយ៉ាង​ដូចជា សត្វ​ប្រេត ជាដើម​។ ថ្វីត្បិតតែ យើង​មើលមិនឃើញ​ប្រេត​មែន តែ​មិន​ប្រាកដថា​មិនមាន​នោះទេ ហើយក៏​មិន​ច្បាស់​ថា ពិត​ជាមាន​ប្រេត​មែន តាម​ការជឿ​របស់​យើង​ក្នុង​គម្ពីរ​នោះដែរ​។

          បញ្ហា​កម្មនេះ ប្រៀបដូចជា យើងទាំងអស់គ្នា កំពុងតែ​ស្ថិតនៅ​ខាងក្រៅ​បន្ទប់​មួយ​បិទ​ជិត ដោយ​មើលមិនឃើញ​អ្វី​ទាំងអស់​នៅក្នុង​បន្ទាប់​នោះ​។ ដូច្នេះ ថា​តើ​យើង​ម្នាក់ៗ ម៉េច​នឹង​អាច​ប្រកាន់​ទស្សនៈ​រៀងៗ​ខ្លួន​ថា មាន​វត្ថុ​នេះ ឬ​គ្មាន​វត្ថុ​នោះ មាន​សត្វ​នេះ ឬ​គ្មាន​សត្វ​នោះ បាន​ទៅ​អញ្ចឹង យើង​គប្បី​ចៀសវាង​ការឈ្លោះប្រកែក​គ្នា​ស្លា​ប់រស់ ក្នុង​រឿង​ថា មាន​ប្រេត ឬ​គ្មាន​ប្រេត នេះ​ចុះ ទើប​ប្រសើរ​។

តើនៅលើលោកយើងនេះច្បាប់ក្រមពីធម្មជាតិដូចគ្នាឬខុសគ្នា?
          មនុស្សយើងកើតឡើងពីច្បាប់ក្រមធម្មជាតិតែមួយទេ សួរថាហេតុអ្វីប្រេតមានតែស្រុកខ្មែរ? ចុះនៅប្រទេស ភូមា ឥណ្ឌា សេរីឡាំងកា នេប៉ាល់ ថៃ និង បណ្ដាប្រទេសមួយចំនួនដែលកាន់ពុទ្ឋសាសនាដែរ បូករួមនិងបណ្ដាប្រទេសជាច្រើនទៀតដូចជា អាមេរិច អូស្ដ្រាលី ជប៉ុន បារាំង អាល្លឺម៉ង អង់គ្លេស ស្វីស ។ល។ ដែលមិនកាន់ព្រះពុទ្ឋសាសនា ជាការពិតបើប្រេតមានមែនមិនថានៅប្រទេសណាក៏មានដែរ មិនចាំបាច់តែប្រទេសខ្មែរទេ។

តើហេតុអ្វីបានជាខ្មែរយើងយល់ថាដូនតាដែលបានស្លាប់ទៅមកយំទាអាហារពីកូនចៅ?        
     ដូនតាខ្លះនៅអាក្រាតកាយគ្មានសំលៀកបំពាក់ គ្មានរបស់ប្រើប្រាស់ នៅតែលតោលរសាត់អណ្ដែតគ្មានគោលដៅ តាមការយល់ឃើញរបស់ខ្ញុំពាក្យថាចែកឋាន មានន័យថា បែងចែកឋាន ឬ បែងចែកភពគ្នា ដូចដែលចាស់ៗនិយាយថា ចែកឋានទៅកាន់លោកខាងមុខ ចុះហេតុអីគិតថាពួកគាត់នៅវិលវល់ជាមួយយើងទៀត? ភពមនុស្ស មនុស្សរស់នៅ ហើយភពវិញ្ញាណគឺវិញ្ញាណរស់នៅ ចុះបើយើងជឿថាមានឋាននរក ឋានកណ្ដាលដែលហៅថាផែនដី និង ឋានសួគ៌ ចុះដូចម៉្ដេចបានជាយើងជឿថាវិញ្ញាណដែលបានស្លាប់ទៅនៅតែលតោលវិលវល់ជាមួយមនុស្សទៀត? នេះជាការជឿមិនត្រឹមត្រូវរបស់ខ្មែរយើង ជាទូទៅនៅពេលមានសមាជិកណាម្នាក់បានស្លាប់បាត់បង់ជីវិត គ្រួសារសពតែងបួងសួងថា សូមអោយ វិញ្ញាណក័ន្ខ អ្នកស្លាប់បានទៅកាន់សុគតិភព។

តើវិញ្ញាណអ្នកស្លាប់អាចបរិភោគអាហារ ទទួលសំណែនដែលកូនចៅសែនព្រេនបានដែរឬទេ?                   
          ‌នៅក្នុងផ្នត់គំនិតខ្មែរគ្រប់រូបតែងតែគិតថា វិញ្ញាណខ្មោច អារក្ស អ្នកតា រួមទាំងដូនតា កុងម៉ា របស់ពួកគេដែលបានស្លាប់ទៅក៏បរិភោគ ឬ សែបសោយអាហារ ឬ សំណែនដែលកូនចៅ ឬសាច់ញ្ញាតិដែលបានសែនព្រេន ដល់អ្នកដែលបានចែកឋានទៅ តែតាមការពិតវាគ្រាន់តែជាការយល់ឃើញរបស់ពួកគេតែប៉ុណ្ណោះ។ បើតាមយល់ឃើញរបស់ខ្ញុំ អាហារមនុស្សសម្រាប់មនុស្ស ហើយអាហាររបស់សត្វក៏សម្រាប់សត្វ ពីព្រោះថាទាំងមនុស្សឬសត្វក្ដីត្រូវការអាហារដើម្បីទ្រទ្រងជីវិតអោយដំណើរការទៅបាន គឺថាអាហារនិងបំផ្លែងជា ថាមពលសម្រាប់រាងកាយ បើឧបករណ៍អេឡិចត្រូនិចវិញវាត្រូវការថាមពលអគ្គីសនីដើម្បីដំណើរការរបស់វា យ៉ាងណាមិញចំពោះមនុស្ស និង វិញ្ញាណមិនដូចគ្នាទេ វិញ្ញាណមានអាហារខាងឯវិញ្ញាណ ហើយមនុស្សក៏មានអាហារសម្រាប់មនុស្ស មិនអាចបួកលូកជាមួយគ្នាបានទេ។

បើតាមការសិក្សា និង បទពិសោធន៏របស់ខ្ញុំនៅក្នុងមនុស្សយើងបែងចែកចេញជាបីផ្នែក៖
១- រូបរាងខាងក្រៅៈ
-       មានសំបកខ្លួន, សាច់ សរសៃ ឈាម ឆ្អឹង និង គ្រឿងក្នុងផ្សេងៗ
-       មានញ្ញាណទាំង៥ប្រាំៈ ដឹងក្លិន ដឹងរសជាតិ ស្ដាប់លឺ មើលឃើញ ប៉ះពាល់រូបរាងកាយ
-       នៅក្នុងរូបរាងកាយមានធាតុពីរទៀត គឺព្រលឹង និង វិញ្ញាណ
-       តំរូវការៈ អាហារដែលរកបានដោយកំលាំងញើសឈាម បន្លែបង្កា ត្រីសាច់ ជាដើម
២- ព្រលឹងខាងក្នុងៈ
-       ព្រលឹងស្ថិតនៅខាងក្នុងរាងកាយរបស់មនុស្សគ្រប់រូបហើយក៏បែងចែកជាបីផ្នែកផ្សេងៗគឺ៖
-       គំនិត អារម្មណ៍ និង ឆន្ទៈ
-       ព្រលឹងជាអ្នកទ្រទ្រងអោយមនុស្សយើងមានជីវិត ឬ ហៅបានថាជាជីវិត
-       តំរូវការៈ ការសប្បាយ ការកំសាន្ដ ការសរសើរ ការលើកទឹកចិត្ត ការបង្អាប់បញ្ជោជាដើម
 ៣- វិញ្ញាណខាងក្នុងព្រលឹងៈ
-       វិញ្ញាណជាធាតុមួយដែលសំខាន់ជាងគេដែលមិនចេះស្លាប់ បាត់បង់ សាបសូន្យ និងមានសភាពជាៈ  អព្ភន្ដរញ្ញាណ មនិសិកា សម្បជញ្ញៈ ការដឹង ការយល់ ការប្រាស្រ័យទាក់ទងខាងវិញ្ញាណ។
-       តំរូវការៈ អាហារខាងឯវិញ្ញាណ ការសាងអំពើបុណ្យ ការស្វែងរកធម៌អាថ៌ ការជឿថាមានខ្មោច វិញ្ញាណ ការភ័យខ្លាចស្លាប់ការចេះបន់ស្រន់ បួងសួងសុំសេចក្ដីសុខសាន្ដជាដើម ជាចំណែកនៃវិញ្ញាណ។
      ជំនឿមានច្រើនសណ្ឋាន មានច្រើនរបៀប តែក៏មានជំនឿដែលសមរម្យ សមស្រប ពិត និង ក្លែងក្លាយដែរ តែគ្រាន់តែដាស់ទឿនគ្រប់គ្នាថាមុននិងធ្វើអ្វី ជឿអ្វីសូមពិចារណាអោយបានច្បាស់ជាមុនសិន ដូចពាក្យមួយឃ្លានិយាយថា បើមុននិងគូរ ត្រូវគិតជាមុនសិន។

    សរុបសេចក្ដីមកបងប្អូនអ្នកអាន ឬ មនុស្សគ្រប់រូបមានសិទ្ឋិជ្រើសរើស ជឿជាក់ ប្រកាន់ភ្ជាប់យ៉ាងម៉េចក៏មិនខុសដែរ បើមិនប្រាស់ចាកពីអំពើអបាយមុខ ខុសពីក្រមសីលធម៌ សុជីវធម៌ ច្បាប់របស់មនុស្សជាតិ ។ សូមអរគុណបើមានអ្វីចង់លើកជាសំនួរ ឬ មតិលោកអ្នកអាចសរសេរសាមកកាន់ខ្ញុំបាទបាន ក្នុងន័យស្ថាបនា។

Post a Comment

0 Comments