កំណាព្យខ្លីទឹកដៃកវី: ផន ផល្លា (ស្នាមស្នេហ៍មេសាង)


នឹកដល់ព្រៃវែងកន្លែងកំណើត
ធម្មជាតិល្អឆើតអើតពីទ្រូងព្រៃ
មេសាងខាងកើតកំណើតកវី
បុផ្ផារីកថ្មីដែនដីមានស្នេហ៍ ។

ឳឃុំស្វាយជ្រុំជំរុំដួងចិត្ត
បុប្ផាល្អពិតលួចគិតមិនប្រែ
អូនជាបុប្ផាឃុំត្រពាំងស្រែ
ព្រៃឃ្នេសចង់តែស្នេហ៍អូនគ្រីស្នា ។

ទំនប់រលួសបងឆ្លាក់ឈ្មោះស្រី
ដិតជាប់រាល់ថ្ងៃហឫទ័យប្រាថ្នា
សូមអោយដួងចិត្តអូនដូចថ្មរដា
រឹងមិនសាវ៉ានឹងរៀមរ៉ាឡើយ ។

ឳព្រែកជីផុចបងហុចដៃកាន់
ឃុំច្រេះហុចប្រាណបងបានត្រានត្រើយ
ឳអង្គរសល្អណាស់ម៉ុមអើយ
ពោធិ៍រោងបណ្តោយកាត់ព្រៃទទឹង ។

ម្លប់ព្រីងខ្ទមស្បូវបងនៅចាំអូន
យប់ងងឹតសូន្យបងនៅសម្លឹង
ឳវាលពង្អាវជួបស្រស់ព្រលឹង
យប់ងងឹតឈឹងនាបឹងមេសាង ។

ស្នាមស្នេហ៍កវីដែនដីព្រៃវែង
ផ្សារពោធ៍ិកន្លែងបងលាតត្រដាង
អំពីស្នេហ៍ស្មោះជញ្ជៀនភស្តុតាង
ធ្វើជាសំអាងស្នេហ៍អូននិងបង ។

ថ្ងៃទី០៩ ខែមីនា  ឆ្នាំ២០១៩
ដោយ ផន ផល្លា
(មានតែអ្នកស្រុកមេសាងទេ ដែលអាចស្គាល់ឈ្មោះនៃកន្លែងទាំងអស់នេះ ចឹងហើយ សូមជូនកំនាព្យមួយនេះដល់អ្នកស្រុកមេសាង និងអ្នកដែលនៅខេត្តព្រៃវែងទាំងអស់ផងដែរ)


សូមអរគុណចំពោះអតិថិជនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ

Post a Comment

0 Comments