ការចិញ្ចឹមត្រី និងជលវប្បកម្ម



វារីវប្បកម្ម​មាន​ប្រមាណ ៧ ភាគរយ នៃ​ផលិតកម្មត្រី​សរុប​នៅកម្ពុជា។ ប្រព័ន្ធ​វារីវប្បកម្មទឹកសាប រួមមាន បែរ និង​ទ្រុង ស្រះ​ខ្នាត​ធំ ស្រះ​ចិញ្ចឹមត្រីតាមគ្រួសារ ស្រះ​ផ្តល់​ជម្រក​ត្រី​ក្នុង​សហគមន៍ (CFR) និង​កសិដ្ឋាន​ចិញ្ចឹមត្រី​ក្នុងស្រែ។ ស្រះ​ចិញ្ចឹមផ្តល់ជម្រក​​ត្រី​ក្នុង​សហគមន៍ គឺជាទម្រង់មួយនៃ​ការ​បង្កើន​បរិមាណត្រី​ ឬ​វិធានការ​អភិរក្សត្រី​ ដែល​មាន​គោលបំណង​បង្កើន​ផលិតភាព​ជលផល​តាមវាលស្រែ ដោយ​បង្កើត​ជម្រក​ត្រី​ក្នុង​រដូវ​ប្រាំង​សម្រាប់​មេពូជ​ក្នុង​វាល​ស្រែដែលសំបូរ​ទឹក​តាម​រដូវកាល។1

ក្នុង​តំបន់ឆ្នេរ ប្រព័ន្ធវារីវប្បកម្ម​រួមមាន កសិដ្ឋានចិញ្ចឹម​ត្រី និង​បង្គា។2 យោងតាម ​របាយការ​ណ៍​ប្រចាំ​ឆ្នាំ ២០១៤  របស់ក្រសួ​ងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កន្លែងភ្ញាស់កូន​ត្រី ៣០១ កន្លែង បាន​ដំណើរការ​នៅកម្ពុជា ហើយប្រជាជន ៦៥,០០០ គ្រួសារ​ធ្វើ​​វារីវប្បកម្មខ្នាត​តូច។3 នៅ​ឆ្នាំ ២០១៤ ក្រសួ​ងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ បាន​បង្កើត​ស្រះ​ចិញ្ចឹមត្រី​សហគមន៍​ចំនួន ៨០២ នៅទូទាំងប្រទេស​ ដែលក្នុង​នោះ​ស្រះ​ចិញ្ចឹមត្រី​សហគមន៍មាន​ចំនួន ១៧៣ នៅ​ខេត្តកំពង់​ស្ពឺ។4

យោង​តាម ក្រសួ​ងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ នៅ​ឆ្នាំ ២០១៤ ផលិតកម្ម​​ត្រី​ចិញ្ចឹម​ មានចំនួន​១២០,០៥៥ តោន ដែល​កើនឡើង​បាន​ ៣០,០៥៥ តោន ធៀបនឹងឆ្នាំ២០១៣។ យ៉ាងនេះក្តី​​ ស្ថិតិឆ្នាំ ២០១៣-២០១៤ បាន​បង្ហាញពីការធ្លាក់ចុះ​​ផលិតកម្ម​ទិន្នផល​ពូជ​ក្រពើ និងពូជត្រី​។ នៅ​ឆ្នាំ ២០១៣ ផលិតកម្មពូជត្រី​ មានចំនួន ១៥០ លានក្បាល បាន​ធ្លាក់ចុះមកត្រឹម ១២០ លានក្បាលនៅឆ្នាំ ២០១៤។5 ពីឆ្នាំ​ ២០១៣ ដល់ ឆ្នាំ​ ២០១៤​ ​ផលិតកម្ម​ក្រពើ​ចិញ្ចឹម​ បាន​ធ្លាក់ចុះពី ៣២០,០០០ ក្បាល មកត្រឹម ២១៥,៥០០ ក្បាល។​6

ប្រការសំខាន់នោះគឺ​ ប្រទេសកម្ពុជា​នៅតែ​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ក្នុង​កា​រ​នាំចេញ​ស្បែក​ក្រពើ​ទៅ​ក្នុង​ទីផ្សារ​​អន្តរជាតិ​ ដោយសារ​តែ​កសិដ្ឋានក្នុងប្រទេស​មិនទាន់​អាចបំពេញ​តាម​ស្តង់ដាឧស្សាហកម្ម​។ ថ្មីៗនេះ កសិដ្ឋាន​ ១៦ បាន​ដាក់ពាក្យសុំអាជ្ញាប័ណ្ណ CITES (​អនុសញ្ញា​ស្តីពី​ពាណិជ្ជកម្មអន្តរជាតិ​នៃប្រភេទ​សត្វ និងរុក្ខជាតិ​ជិតផុតពូជ) ខណៈដែល​កសិដ្ឋានត្រឹមតែ ៦ ក្នុង​ចំណោម​នេះ​បាន​ទទួល​ការ​យល់ព្រមឲ្យនាំ​ចេញ​ស្បែកក្រពើ​។7

បន្ទាប់​ពីបានទទួល​អាជ្ញាប័ណ្ណ​ពីអនុសញ្ញា​ស្តីពី​ពាណិជ្ជកម្មអន្តរជាតិ​នៃប្រភេទ​សត្វ និងរុក្ខជាតិ​ជិត​ផុតពូជ នៅ​ឆ្នាំ២០១៥ កម្ពុជា​បាន​ចុះកិច្ចព្រមព្រៀង​នាំចេញ​ស្បែកក្រពើ​ចំនួន ១,០០០ផ្ទាំង ទៅប្រទេស​បារាំង ខណៈដែលអ្នកទិញ​កំពុង​ស្វែង​រក​ស្បែកក្រពើត្រឹមកម្រិត​ C ជាស្តង់ដាដែល​មិនពិបាក​បំពេ​ញតាម។8 ថ្មីៗនេះ កម្ពុជា​បាន​នាំ​ចេញ​ស្បែកក្រពើទៅ​​សហភាព​អឺរ៉ុប។ ក្រៅពីនេះ កម្ពុជាក៏​បាន​នាំ​ចេញ​ស្បែក​ និង​សាច់​ក្រពើ​ទៅ​ប្រទេស​វៀតណាម ថៃ និង​ចិន ផងដែរ។

នៅ​ឆ្នាំ ២០១៤ បច្ចេកទេស​ ទឹកសិប្បនិម្មិតរបស់​ប្រទេសជប៉ុន ត្រូវ​បានយក​មក​អនុវត្ត​នៅកម្ពុជា។ ទឹកសិប្បនិម្មិត គឺជាទឹកទន្លេ និង​ទឹកសមុទ្រ​សិប្បនិម្មិត ដែលត្រូវ​បាន​បង្កើតឡើង​តាមរយៈ​ ការ​រួមបញ្ចូលគ្នានៃ​សារធាតុ​រ៉ែ ដូចជា​ អំបិល​សូដ្យូម ប៉ូតាស្យូម និង​កាល់ស្យូម។ គម្រោ​ងនេះ ស្ថិតក្រោម​ការ​​ដឹកនាំ​ដោយ​អង្គការ JICA ដែល​អនុវត្តនៅតាម​តំបន់​ភ្នំនៃខេត្ត​តាកែវ​។​ បង្កងទន្លេ​ប្រមាណ ៣០,០០០ ក្បាល ដែល​អាច​លក់បានថ្លៃជាង​ត្រី៨ ដងនៅកម្ពុជា ត្រូវបាន​ចិញ្ចឹម​នៅ​កសិដ្ឋាន​ចំនួន ៣កន្លែង។9


Post a Comment

0 Comments