ប្រភពពីភ្នំពេញ៖
ការមិនសូវទុកចិត្តទៅលើសមត្ថភាពខ្លួនឯងបានធ្វើឲ្យ
ឡុង ជិន ជួបភាពជូរចត់ មិនអាចបំភ្លេចបាន ខណៈរូបគេត្រូវបានជើងខ្លាំង
ឡៅ ចិត្ត្រា ម៉ាត់ឲ្យសន្លប់ធំ ត្រឹមរយៈពេល ១ នាទី
ក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់មាស ទម្ងន់ ៦០
គីឡូក្រាម នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ។
ទោះការប្រកួតវាសំខាន់ដើម្បីយកអ្នកឈ្នះឡើងទៅប្រកួតយកខ្សែក្រវាត់មាស
និងប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ ប៉ុន្តែ ឡុង ជិន
ដែលហាក់មានភាពស្រពេចស្រពិល តាំងពីមុនការប្រកួតនោះ គឺបានទាត់សន្ធាប់ខ្លាំងទៅលើ
ឡៅ ចិត្ត្រា ត្រឹម ១ ជើងគត់ មុនពេលអ្នកឲ្យទឹករបស់គេ
បានគ្រាហ៍ចុះពីលើសង្វៀន ក្រោយពីសន្លប់ធំ ១ ភាំង
ក្រោមកណ្តាប់ដៃស្តាំរបស់ ចិត្ត្រា។
អ្នកទស្សនាភាគច្រើន
បានមើលឃើញថា សមត្ថភាពរបស់ ឡុង ជិន ពិតជាពិបាកឈ្នះ ឡៅ ចិត្ត្រា
ប៉ុន្តែគ្មានអ្នកណាគិតដល់ថា ឡុង ជិន បានសន្លប់លឿនបែបនេះនោះទេ
គឺនៅក្នុងការប្រកួតនេះ ចិត្ត្រា បានបុកជង្គង់ និងទាត់ទៅលើភ្លៅ ធ្វើឲ្យ
ឡុង ជិន បង្ហាញការឈឺចាប់ និងត្រឹមបានអាជ្ញាកណ្តាលរាប់ ជាលើកទី ១
ខណៈការប្រកួតទើបតែចាប់ផ្តើមបាន ២៧ វិនាទី។
នៅក្រោយការរាប់នេះ
ឡុង ជិន បានព្យាយាមទាត់ទប់ការចូលរបស់ ឡៅ ចិត្ត្រា ដែរ ប៉ុន្តែ ចិត្ត្រា
បានទាត់សងវិញខ្លាំងៗ ហើយនៅពេល ឡុង ជិន
ព្យាយាមថយខ្វះការប្រុងប្រយ័ត្ននោះ ចិត្ត្រា បានម៉ាត់ស្តាំចូលថ្គាម បណ្តាលឲ្យ
ឡុង ជិន ដួលសន្លប់ ដោយប្រើពេលត្រឹម ១ នាទីគត់។
ជុំវិញការផ្តួល ឡុង ជិន
ឲ្យសន្លប់យ៉ាងលឿនបែបនេះ ជើងខ្លាំង ឡៅ ចិត្រ្តា
បាននិយាយក្រោយការប្រកួតថា៖ «ដំបូងឡើយ ខ្ញុំមិនដឹងថា ប្រើពេលប៉ុន្មាន
ដើម្បីវ៉ៃគេឲ្យសន្លប់នោះទេ គ្រាន់តែយើងចេញធ្ងន់ៗ និងច្បាស់ៗ
ហើយនៅពេលវ៉ៃចូល ឃើញគេជ្រាយ ក៏បន្ថែមតែម្តងទៅ ខណៈការប្រកួតនេះ
ខ្ញុំទាត់បាន ៥ ជើង និងវ៉ៃបាន ៣ ដៃទេ»។
តាមរយៈការយកឈ្នះលើ
ឡុង ជិន ដោយចំណាយពេលប្រកួតត្រឹម ១ នាទីនេះ
បានជួយឲ្យសិស្សគណក្លិបកងពលតូចទ័ពពិសេសឆត្រយោង ៩១១ ឡៅ ចិត្ត្រា
ឡើងទៅកាន់ការប្រកួតផ្តាច់ព្រ័ត្រ
ដោយត្រូវរង់ចាំការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាងកីឡាករ លន
បញ្ញា និង សុខ សាវិន គឺអ្នកឈ្នះ នឹងត្រូវឡើងទៅជួប ចិត្ត្រា
ដើម្បីដណ្តើមយកខ្សែក្រវាត់មាស និងប្រាក់រង្វាន់ ១ ម៉ឺនដុល្លារ
ពីព្រឹត្តិការណ៍នេះ។
នៅពេលសួរថា រវាង លន
បញ្ញា និង សុខ សាវិន តើ ឡៅ ចិត្ត្រា ចង់ជួបអ្នកណាជាងនោះ ចិត្ត្រា
បានឆ្លើយតបដោយមានទំនុកចិត្តថា៖ «សម្រាប់ខ្ញុំ មួយណាក៏បានដែរ ព្រោះអត់ដឹងសមត្ថភាពមួយណាខ្សោយ
មួយណាខ្លាំងទេ គឺប្រហាក់ប្រហែលគ្នា អ៊ីចឹងសំខាន់រវាងអ្នកទាំង ២ នេះ
គឺអ្នកដែលឈ្នះ នឹងត្រូវឡើងមកជួបខ្ញុំ នៅវគ្គផ្តាច់ព្រ័ត្រ»៕
0 Comments
សូមអរគុណចំពោះអតិថិជនដែលចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ